( ភ្នំពេញ )នៅលើឆាកតន្ត្រីស្រាបៀរមួយ កុមារា ពេជ្រ ថៃ បានបកស្រាយចម្រៀងមួយបទមានចំណងជើងថា «រដឺនមានស្នេហ៍» ដែលជាសំនៀងដើមរបស់លោក ព្រាប សុវត្ថិ ប៉ុន្តែទោះជាយ៉ាងណាម្ចាស់ពាន The Voice Kid Cambodia រដូវកាលទី ១ នេះ ពុំបានបកស្រាយបានល្អឡើយ ដោយសារតែភ្លេចផារ៉ូលខ្លះ ដែលជាហេតុធ្វើឱ្យមានការរិះគន់ ជាពិសេសតារាចម្រៀងស្ទើរតែបាត់ឈ្មោះពីពិភពចម្រៀង លោក ម៉ៃ សុគន្ធ តែម្ដង គឺបានចេញមុនចេញមាត់ខ្លាំង ហើយសម្រាប់ការរិះគន់នេះ បានធ្វើឱ្យប្រធានសមាគមន៍សិល្បៈខ្មែរ អ្នកនាង ចន ច័នលក្ខិណា មានប្រតិកម្មមិនពេញចិត្តយ៉ាងខ្លាំង ។
ងាកមកមើលលោក ម៉ៃ សុគន្ធ ដែលស្ទើរតែក្លាយជាម្ចាស់ពាន អ្នករិះគន់មិនរើសមុខ វិញបានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «ថ្មីឡើងចេស សមមុខហើយអ្នកគាំទ្រផ្កាប់មុខទាំងឡាយអើយ ដឹវ៉ោយវ៉ោយឃីត ម្ចាស់ប៉ោតរដូវកាលទីមួយ ពេជ្រ ក្រិន ជឿនៅ ថាកូននឹងក្រិនទេ សំលេងក៏មនុស្សក្រិន រូបរាងក៏មនុស្សក្រិន ស្តាយក្មេងសំលេងល្អៗណាស់ដែលមិនបានលើកពានពិត ឈប់!ឈប់ អ្នកណាខ្លះដែលបោកទូរទស្សន៍ អាយផេត ចោលខ្លះពេលព្រេជ ថៃ លើកពាន ចេញមុខមកភ្លាម..មួយទៀតសាកស្តាប់សិនទៅ ពេជ្រក្រិន ច្រៀងលើឆាកអោយដល់ចប់ណា…ចាំកាត់ក្តីណា ហ្វេនៗផ្កាប់មុខទាំងឡាយអើយ…. ស្តាប់អោយចប់គង់ផ្ទុះត្រចៀក សន្លប់ទេ ម្ចាស់ពានដឹវ៉ោយឃីត ខ្មែរ» ។
ឆ្លើយតបជាមួយការរិះគន់ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បាននិយាយថា «ក្មេងក៏រិះគន់ដែរ មិនលើកលែងគ្នាសោះ ម្តេចដែលហៅថាក្មេង ម្តេចដែលហៅថាមនុស្សធំ ? មនុស្សធំនៅភ្លេចមុខភ្លេចក្រោយទំរាំគ្នាក្មេងទៀត បើមនុស្សធំប្រកាន់ក្មេងគឺចប់លែងនិយាយ» ៕