មជ្ឈមណ្ឌលស្រាវជ្រាវ PEW ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានស្ទង់មតិលើមនុស្សជាង ៤០.០០០ នាក់នៅក្នុងចំណោម ៣៧ ប្រទេសនិងមើលលើចំនួនមនុស្សពេញវ័យដែលប្រើប្រាស់អ៊ីនធឺណែត។ តាមការសិក្សាស្រាវជ្រាវបានរកឃើញថាប្រទេសកូរ៉េខាងត្បូងនាំមុខគេក្នុងការប្រើប្រាស់អ៊ីនធឺណែត។
យោងតាមការសិក្សានេះប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសដែលមានខ្សែបណ្ដាញអ៊ីនធឺណែតច្រើនជាងគេបំផុតក្នុងពិភពលោកដែលមានអត្រាកើនដល់ ៩៦% ដែលវាមានន័យថាប្រទេសកូរ៉េខាងត្បូងលេចធ្លោជាងគេជាប្រទេសដែលមានបណ្ដាញទំនាក់ទំនងសង្គមខ្លាំងខ្លាបំផុតនៃមនុស្សពេញវ័យក្នុងការប្រើប្រាស់អ៊ីនធឺណែត។
បើយើងប្រៀបធៀបទៅនិងប្រទេសអូស្រ្តាលីដែលស្ថិតនៅក្នុងលំដាប់ទី ២ ដោយមានអត្រា ៩៣% ដែរ។ បើទោះបីជាវាមានភាពខុសគ្នាតែ ៣% ក៏ដោយតែវាមានន័យថាការខុសគ្នានៃចំនួនមនុស្សរាប់រយពាន់នាក់ឯណោះ។ ឯមួយវិញទៀតប្រទេសកាណាដាមានចំនួន ៩១% ,អាមេរិក ៨៩% និង អង់គ្លេស ៨៨% ។ លើសពីនេះទៅទៀតប្រទេសកូរ៉េខាងត្បូងក៏ជាប់ចំណាត់ថ្នាក់ទី ១ សម្រាប់មនុស្សពេញវ័យដែលមានស្មាតហ្វូនប្រើច្រើនផងដែរ ការសិក្សានេះរកឃើញថាមានមនុស្សពេញវ័យប្រើប្រាស់ស្មាតហ្វូនគឺ ៩៤% នៃមនុស្សពេញវ័យក្នុងកូរ៉េខាងត្បូង ជាទូទៅមានមនុស្សពេញវ័យ ៩ នាក់ក្នុងចំណោម ១០ នាក់របស់កូរ៉េខាងត្បូងប្រើប្រាស់អ៊ីនធឺណែតនិងស្មាតហ្វូនផ្ទាល់ខ្លួន៕
ប្រែសម្រួល ៖ RathDy