ម៉ាឡេសុី ៖ ការទិញទំនិញអនឡាញវាបានក្លាយជារឿងមួយដែលសាមញ្ញទៅហើយនៃជីវិតរបស់យើងសព្វថ្ងៃនេះ ដោយសារតែវាមានភាពងាយស្រួលហើយជារឿយៗយើងអាចទទួលបានតម្លៃថោកជាងការលក់រាយផងដែរ ។ទោះបីជាយ៉ាងណាក៏ដោយពេលខ្លះយើងប្រហែលជាអាចជួបនឹងសំណាងអាក្រក់ហើយទទួលបានឥវ៉ាន់មួយចំនួនមិនពិតប្រាកដដូចអ្វីដែលយើងបានបញ្ជាទិញដូចជាស្រ្ដីម៉ាឡេសីុម្នាក់នេះដែលបានទិញទូរស័ព្ទ iPhone 8 Plus ពីសេវាកម្មអនឡាញ ។
ក្រោយពីបានជួបរឿងបែបនេះនាងបានចែករំលែកបទពិសោធ៏របស់នាងនៅលើបណ្ដាញសង្គម Facebook ដែរថានាងបានទិញទូរស័ព្ទពីទីផ្សារអនឡាញដ៏ពេញនិយមមួយកាលពីថ្ងៃទី ៤ ខែមិថុនាមកម្ល៉េះ តែអ្វីដែលធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះក្រោយពីនាងបានទទួលទូរស័ព្ទខ្លួន។ គ្រាន់តែបើកប្រអប់ភ្លាមនាងបានដឹងហើយថាទូរស័ព្ទនោះមិនមែនជាពណ័ទឹកប្រាក់ដូចដែលអ្វីដែលបានកម្មង់នោះទេតែបែរជាពណ័មាសទៅវិញ នាងកាន់តែមានការសង្ស័យនៅពេលដែលនាងសង្កេតឃើញថាវាមិនស្រដៀងនឹង iPhone 8 Plus ។
ការសង្ស័យរបស់នាងត្រូវបានធ្វើការផ្ទៀងផ្ទាត់បន្ថែមដោយពិនិត្យមើលផ្នែកប្រព័ន្ធប្រតិបត្តិការនៅក្នុងទូរស័ព្ទ ដែលមានដូចជាសមត្ថភាពនៃទូរស័ព្ទគឺ ២៥៦GB តែតាមការបញ្ជាទិញ ៦៤GB លើសពីនេះ លេខស៊េរីម៉ូឌែល នឹងលេខ IMEI នៅខាងក្នុងទូរស័ព្ទមិនដូចគ្នានឹងទិន្នន័យដែលបង្ហាញលើប្រអប់ទូរស័ព្ទ iPhone ទេ ។ លើសពីនេះទៅទៀតនៅពេលដែលនាងធ្វើការ Update កម្មវិធី WhatsApp វាបានចូលទៅក្នុង Google Play Store ទៅវិញ អ្នករាល់គ្នាដឹងហើយថាសម្រាប់ឧបករណ៏របស់ Apple វាគួរតែជា App Store នាងក៏បាននិយាយផងដែរថាគ្រឿងបន្ថែមដែលមាននៅក្នុងប្រអប់ដូចជា ឆ្នាំងសាក និង កាស មើលទៅចាស់និងដូចក្លែងក្លាយ ។
ក្រោយពីមានការចែករំលែកច្រើនលើបណ្ដាញសង្គមអំពីការទិញរបស់នាង សេវាកម្មផ្នែកលក់នៅទីផ្សារអនឡាញបានស្នើអោយនាងលុប Post នៅលើ Facebook របស់នាងចេញដោយពួកគេបានផ្ដល់ជម្រើសមួយចំនួនដូចជាការជំនួសទូរស័ព្ទ iPhone ថ្មីពិតប្រាកដ ឬ សងប្រាក់វិញរួមជាមួយថ្លៃសងជម្ងឺចិត្តបន្ថែម ។
សំណាងល្អដែលទីផ្សារបានចាត់វិធានការឆាប់រហ័សដើម្បីកែតម្រូវកំហុសរបស់ពួកគេ ហើយនាងក៏មិនបានរងការខាតបង់ទេ! ចងចាំថាលើកក្រោយត្រូវពិនិត្យការទិញតាមអនឡាញរបស់អ្នក ៕
ប្រែសម្រួល ៖ RathDy