ចិននៅតែបន្តជំរុញការ វិនិយោគមក កាន់កម្ពុជា និងជំរុញការបើកទីផ្សារសម្រាប់កម្ពុជា និងជួយដល់កម្ពុជាលើគ្រប់វិស័យ

0
324

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ៦រោច ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា គ.ស ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក វ៉ាង យ៉ាជុន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិចិន។ នៅក្នុងជំនួបនេះ លោក វ៉ាង យ៉ាជុន បានផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង និង​ ឯកឧត្តម សុង តាវ ជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជារបស់លោក វ៉ាង យ៉ាជុននាពេលនេះ គឺដើម្បីជំរុញ នឹងបន្តការធ្វើការរាល់កិច្ចការទាំងឡាយដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលមាន សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានចុះហត្ថលេខានាពេលកន្លងមក។ លោកបាន បញ្ជាក់ថា កម្ពុជានិងចិនគឺជាមិត្តដែកថែប ហើយទំនាក់ទំនងរវាងកម្ពុជា និងចិននៅពេលនេះស្ថិតនៅ លំដាប់ល្អបំផុត។

ចំពោះឯកសារទាំងឡាយដែលបានចុះហត្ថលេខាជាមួយគ្នានៅពេលកន្លងមកនៅក្នុងកិច្ចប្រជុំខ្សែក្រវាត់ និងផ្លូវនៅប្រទេសចិននា គឺនឹងជំរុញទំនាក់ទំនរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំថែមទៀត ជាពិសេស គឺនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជននិងប្រទេសទាំងពីរ ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍ និងពង្រីកនូវកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំថែមទៀត។

លោក វ៉ាង យ៉ាជុន បានជម្រាបជូនសម្តេចតេជោថា នៅពេលដែលលោកបានចុះពីយន្តហោះមកដល់ រាជធានីភ្នំពេញ គឺលោកបានសង្កេតឃើញរាជធានីភ្នំពេញមានភាពរស់រវើកស្រស់ស្អាត និងមានសក្តានុ ពលជាច្រើនផងដែរ។ ក្នុងពេលស្នាក់នៅកម្ពុជា លោកនឹងទៅធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ដើម្បីសិក្សា អំពីហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការវិនិយោគលើវិស័យឧស្សាហកម្មផ្សេងៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្រុងព្រះសីហនុ។ លោក យ៉ាជុន បញ្ជាក់ថា ចិននៅតែបន្តជំរុញការ វិនិយោគមក កាន់ព្រះរាជាណាច ក្រកម្ពុជា និងជំរុញការបើកទីផ្សារសម្រាប់កម្ពុជា និងជួយដល់កម្ពុជាលើគ្រប់វិស័យ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីថ្នាក់ ដឹកនាំកំពូលរបស់ចិន និងបានយល់ស្របទាំងស្រុងចំពោះការលើកឡើងរបស់ លោក វ៉ាង យ៉ាជុន ពាក់ព័ន្ធទៅនឹងទំនាក់ទំនងផង ជាមួយនឹងសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផង ជាពិសេស ឈរលើឯកសារដែលបានចុះហត្ថលេខារួចហើយនោះ ដែលជាឯកសារប្រវត្តិសាស្ត្រ ពាក់ព័ន្ធទៅ នឹងសហគមន៍មួយ ជោគវាសនាមួយ ដែលបានចុះហត្ថលេខានៅពេលកន្លងមក។ សម្ដេចតេជោបានថ្លែង អំណរគុណចំពោះប្រទេសចិនជាមិត្តក្នុងការជួយជំរុញការវិនិយោគចិនអោយបានកាន់តែច្រើនមកកាន់កម្ពុជា ស្របពេលនឹងការជួយជ្រោមជ្រែងបើកចំហរទីផ្សារកសិផល និងផលិតផលផ្សេងៗជាច្រើន ទៀតរបស់ កម្ពុជាទៅកាន់ទីផ្សាររបស់ប្រទេសចិននោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here