អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាអះអាងថា ក្រសួងសុខាភិបាល នឹងចាត់វិធានការក្ដៅចំពោះអ្នកជក់បារីនៅតាមគ្រឹះស្ថានសិក្សា ខណៈដែលមានយុវជន និងប្រជាពលរដ្ឋមួយចំនួនបានបន្ដការជក់បារីនៅតាមសាធារណៈ និងទីធ្លាសាលាដែលបណ្ដាលឲ្យការប៉ះពាលដល់សុខភាពសិស្សានុស្សិស និងបរិស្ថាន។
ប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ក្នុងសិក្ខាសាលាស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារីនៅក្នុងគ្រឹះស្ថានសិក្សានាព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៩ នៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោកយ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះក្រសួងសុខាភិបាលបាននឹងកំពុងបង្រៀនមន្ដ្រីអធិការកិច្ច ដើម្បីចុះអនុវត្តបរិស្ថានគ្មានផ្សែងបារីនៅក្នុងសាលាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។លោកបន្ដថា បន្ទាប់ពីមន្ដ្រីអធិការកិច្ចបញ្ចប់ការសិក្សាវគ្គបច្ចេកទេសរួចរាល់ហើយនោះ អង្គការសុខភាពពិភពលោកសហការជាមួយ ក្រសួងសុខាភិបាល និងក្រសួងអប់រំ ដើម្បីធ្វើការចុះផាកពិន័យអ្នកជក់បារីនៅតាមគ្រឹះស្ថានសិក្សា និងតំបន់ហាមឃាត់មួយចំនួនទៀត នាឆ្នាំ២០២០ខាងមុខនេះ។ លោកបានបញ្ជាក់ថា ការចុះផាកពិន័យអ្នកជក់បារីនៅតាមសាលារៀននេះ គឺដើម្បីធ្វើអោយសាលារៀនគ្មានផ្សែងបារីនិងសម្រាប់ជាគំរូល្អមួយដល់សិ្សសផងដែរ។.
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាសុខភាពកម្ពុជា មានប្រសាសន៍ថា ការអនុវត្តបរិស្ថានគ្មានផ្សែងបារីនៅក្នុងគ្រឹះស្ថានសិក្សា គឺជាវិធានការមួយ ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់ ហើយក៏ជាការអនុលោមតាមច្បាប់ស្តីពីការត្រួតពិ និត្យផលិតផលថ្នាំជក់ និងអនុក្រឹត្យស្តីពីការហាមការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការនិងកន្លែងសាធារណៈ ដែលបានហាមឃាត់មិនអោយជក់បារីនៅក្នុងបរិវេណគ្រឺស្ថានសិក្សា។
លោកវេជ្ជបណ្ឌិត មុំ គង់ បន្ដថា ការប្រើប្រាស់ផលិតផលថ្នាំជក់បង្កជំងឺរាំរ៉ៃជាច្រើនដល់ អ្នកជក់ និងអ្នកស្រូបផ្សែងបារីពីគេ ដូចជា ជំងឺមហារីកសួត ជំងឺផ្លូវដង្ហើម ជំងឺស្ទះសរសៃឈាមបេះដូង ដាច់សរសៃឈាមខួរក្បាល ចំពោះស្រ្តីមានផ្ទៃពោះដែលស្រូបផ្សែងបារីពីគេបណ្ដាលអោយ កូនកើតមុនពេលកំណត់ កើតមកមិនប្រក្រតី ឬកើតមកស្លាប់ ជាដើម។
លោក ហែន ណារិទ្ធប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានគាំទ្រដោយជំរុញឲ្យអ្នកគ្រប់គ្រងសាលារៀនទាំងអស់ចូលរួមអនុវត្តន៍ការងារទប់ស្កាត់ការបង្ហុយផ្សែងបារីនេះឲ្យមានប្រសិទ្ធិភាពខ្ពស់ ធ្វើយ៉ាងណាឲ្យសាលារៀនទូទាំងរាជធានីភ្នំពេញ គ្មានផ្សែងបារី ដើម្បីធានាឲ្យសិស្សទាំងអស់មានសុខភាពល្អរៀនសូត្រឆ្លាតវៃ ក្លាយជាធនធានមនុស្សដ៏មានសក្តានុពល។
សូមបញ្ជាក់ថា ជារាងរាល់ឆ្នាំប្រទេសកម្ពុជាខាតបងថវិការប្រមាណ ១៦៣លានដុល្លារអាមេរិកទៅលើកការព្យាលបានជំងឺ និងការបាត់បងកំលាំងពលកម្ម។ ជាងនេះទៅទៀតទឹកប្រាក់ដែលប្រជាពលរដ្ឋកម្ពុជាបានចំណាយទៅលើការទិញបារីជក់មានប្រមាណ ២០១ លានដុល្លារអាមេរិក៕