ធនាគារ ABA គ្រោងនឹងបោះផ្សាយមូលបត្របំណុល ក្នុងទំហំទឹកប្រាក់ សរុបចំនួន ១០០ ពាន់លានរៀល ឬស្មើនឹងប្រមាណ ២៥ លានដុល្លារអាមេរិក

0
663

តាមសេចក្ដីប្រកាសព័ត៌មាន ធនាគារ ABA គ្រោងនឹងបោះផ្សាយមូលបត្របំណុល ក្នុងទំហំទឹកប្រាក់ សរុបចំនួន ១០០ ពាន់លានរៀល ឬស្មើនឹងប្រមាណ ២៥ លានដុល្លារអាមេរិក។ ធនាគារ ABA ដែលជាសមាជិកសម្ពន្ធធនាគារជាតិ កាណាដា បានប្រកាសកាលពីថ្ងៃទី ៣១ ឧសភា កន្លងទៅថ្មីៗនេះថា ខ្លួនទើបទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា ក្នុងការចាប់ផ្ដើមដំណើរការរៀបចំ ការបោះផ្សាយមូលបត្របំណុល ឬហៅថា សញ្ញាបណ្ណសាជីវកម្ម (Corporate Bond) របស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា (CSX)។

ធនាគារ ABA ត្រូវបានដឹងថា គឺជា​ស្ថាប័នហិរញ្ញវត្ថុទី៣ ហើយដែល បាន​បោះផ្សាយមូលបត្រ​បំណុលនេះ បន្ទាប់ពីគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថាកសិករ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ LOLC។ ធនាគារ ABA សញ្ញាបណ្ណសាជីវកម្ម ឬហៅថា មូលបត្របំណុល​ដែល​ធនាគារនេះ គ្រោងនឹង​បោះផ្សាយលក់​ជាផ្លូវការនេះ គឺមានរយៈពេល ៣ឆ្នាំ និងអត្រាការប្រាក់ពី ៧ ទៅ ៧,៧៥ ភាគរយ ក្នុងមួយឆ្នាំ។

បើតាម​ការបញ្ជាក់ ពីធនាគារមួយនេះ ទឹកប្រាក់ ដែលបានមកពីការ​បោះផ្សាយលក់​មូលបត្របំណុលនេះ នឹង​ត្រូវ​យកទៅ​ប្រើសម្រាប់​ការចំណាយ​លើប្រតិបត្តិការ ក៏ដូចជា ការបង្កើន​ចំនួន​ប្រាក់កម្ចី សម្រាប់អាជីវកម្ម ដែលនឹងគាំទ្រ ដល់​អាជីវកម្ម ខ្នាតតូចបំផុត សហគ្រាស​ធុនតូច និងមធ្យម ដែលរួមមាន​សហគ្រិនស្ត្រី​នៅកម្ពុជា​ផងដែរ។

ជាមួយនេះ ក្រុមហ៊ុន SBI Royal Securities ត្រូវបាន​ធនាគារ​ABA ជ្រើសយកជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ និងក្រុមហ៊ុនធានា​ទិញមូលបត្រ​តែមួយគត់​សម្រាប់ការបោះផ្សាយនេះ។ ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​របស់​ធនាគារ​ ABA​ គឺ​ធនាគារជាតិ​កា​ណា​ដា​ (www.nbc.ca)​ ដែល​ជា​ធនាគារ​ធំ​ជាងគេ​ទី​ប្រាំមួយ​នៅ​ប្រទេស​កា​ណា​ដា​ និង​ជា​ធនាគារ​ដែល​ឈានមុខ​គេ​នៅ​ Quebec​ ជា​កន្លែង​ដែល​ធនាគារ​នេះ​ក្លាយជា​ជម្រើស​ដៃគូ​សម្រាប់​សហគ្រិន​ធុន​តូច​និង​មធ្យម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here