ព្រៃវែង ៖ ឃាតកររំលោភសម្លាប់កុមារីអាយុ១០ឆ្នាំ និងប្អូនប្រុសអាយុ២ឆ្នាំកន្លះ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្ទះក្បឿងមួយកន្លែង ក្នុងភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ មាង វិចិត្រ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង និងមានប្រពន្ធឈ្មោះ សំ សូរិយា អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិអូព្រាល ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិសាត់ ហើយត្រូវបានឃាត់ខ្លួនជាមួយគ្នាតែម្តង។
ចំពោះប្រវត្តរបស់ជនសង្ស័យ ដែលជាឃាតករដ៏សាហាវព្រៃផ្សៃម្នាក់នេះ ត្រូវបានលោក សៀង យាន មេភូមិគ្រើលប្រាប់អោយដឹងថា ជនសង្ស័យគឺជាកូនទី៣ នៅក្នុងចំណោមបងប្អូន៣នាក់ ដែលមានឪពុកឈ្មោះ ម៉ុច មាង អាយុ៦៥ឆ្នាំជាជនពិការ និងម្តាយឈ្មោះ ផី បានស្លាប់បាត់បង់ជីវិតតាំងពីជនសង្ស័យមានអាយុជាងមួយខួបមកម្លេះ។
លោកមេភូមិបានបញ្ជាក់ថា កាលពីគេ (ឃាតករ) អាយុបាន១៥ទៅ១៦ឆ្នាំ ក្នុងពេលដែលចេញទៅមើលក្របីនៅវាលស្រែចុងភូមិ ជនសង្ស័យបានធ្វើសកម្មភាព ប៉ុនប៉ងចាប់រំលោភកូនស្រីអ្នកភូមិ ដែលទៅមើលក្របីជិតគ្នា តែមិនបានសម្រេចដោយមានការប្រតាយប្រតប់គ្នាចុះឡើង រហូតមានការភ្ញាក់ផ្អើលដល់អ្នកស្រុក ទើបធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោរ ហើយក៏រត់ចោលស្រុកតាំងពីពេលនោះមក។
ក្រោយពីនោះរយៈពេល២ទៅ៣ឆ្នាំ ជនសង្ស័យបានលួចចូលស្រុកម្តង តែត្រូវប៉ូលិសតាមចាប់ ទើបគេរត់គេចខ្លួនម្តងទៀត ហើយកាលពីជាង១ឆ្នាំមុននះ គេបានលួចចូលស្រុកម្តងទៀត គេបាននាំយកទាំងប្រពន្ធជាជនជាតិឡាវ ដែលមិនចេះខ្មែរសូម្បីតែមួយមាត់ ឱ្យមកនៅជាមួយឪពុក ឯរូបគេមិននៅជាមួយទេ គឺគេចទៅវិញបាត់ រហូតជិត២ខែទើបមកយកប្រពន្ធទៅវិញ ដោយប្រាប់ថាទៅរកស៊ីនៅភ្នំពេញ ប៉ុន្តែមកដល់ល្ងាចថ្ងៃទី៣០ ខែឧសភា ថ្មីៗនេះស្រាប់តែឃើញគេលួចចូលស្រុកវិញ ដោយយកទាំងប្រពន្ធថ្មីមកជាមួយផង ហើយក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន វេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩នេះតែម្តង។
ចំណែកលោក ស៊ិន សារ៉ាត់ មេប៉ុស្ត៍ស្តីទី ប៉ុស្ត៍រដ្ឋបាលឃុំព្រៃរំដេង បានឱ្យដឹងថា ជនសង្ស័យ និងប្រពន្ធបានលួចចូលស្រុកវិញ កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លុះស្អែកឡើងថ្ងៃទី៣១ សមត្ថកិច្ចក៏បានទៅហៅជនសង្ស័យ ឱ្យទៅប៉ូស្ត៍រដ្ឋបាលដើម្បីសួរនាំ ប៉ុន្តែបាត់មិនឃើញអ្នកទាំង២ ហើយបងប្រុសរបស់គេបានប្រាប់ថា គេទៅវិញអស់ហើយ។
ដោយមិនទាន់ជឿជាក់ទាំងស្រុង ទើបសមត្ថកិច្ចនៅតាមឃ្លាំមើលក្បែៗផ្ទះរបស់គេ អស់រយៈពេល២ថ្ងៃ ទើបដឹងថា ជនសង្ស័យ និងប្រពន្ធកំពុងលាក់ខ្លួននៅក្នុងផ្ទះអ្នកជិតខាង ដែលម្ចាស់មិននៅ ទើបសមត្ថកិច្ចរាយកម្លាំងចូលពទ្ធ័ចាប់ជនសង្ស័យ និងប្រពន្ធបាន នៅថ្ងៃទី២ ខែមិថុនានេះតែម្តង ដោយមានការសហការចូលរួម ពីកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងព្រហ្មទណ្ឌស្នងការនគរបាលខេត្តព្រៃវែង ៕
ដក់ស្រង់ពី FB ដោយ៖ តារារ៉ាយ