អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ទទួលបាននូវលើកទឹកចិត្ត និងគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាចំពោះការពុះពារក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ

0
523

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ទទួលបាននូវលើកទឹកចិត្ត និងគាំទ្រពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការពុះពារក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ នៅក្នុងប្រទេសកម្ពុជា ប្រកបដោយប្រសិទ្ធភាពដែលអង្គការនេះបានធ្វើអស់ជាច្រើនឆ្នាំមកហើយ។

ការលើកទឹកចិត្តធ្វើឡើងតាមរយៈការបន្ធូរបន្ថយពន្ធលើសេវាដែលបម្រើឱ្យការងារអភិរក្ស។ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេច ផ្តល់ការអនុគ្រោះពន្ធ ហោះហើរ ពិសេសលើ សេវាដឹកជញ្ជូនតាមរយៈផ្លូវអាកាស ដល់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលត្រូវជួលសេវាហោះហើរឧទ្ធម្ភាគចក្រផ្ទៃក្នុងប្រទេស ដើម្បីអនុវត្តគម្រោងការពារព្រៃឈើតំបន់ជួរភ្នំក្រវ៉ាញខាងត្បូងដោយសហការជាមួយនឹងក្រសួងបរិស្ថាន សំដៅតាមដាន និងពិនិត្យស្ថានភាពតំបន់ការពារ ធម្មជាតិដែល ផ្តល់នូវប្រយោជន៍ដល់ការការពារ ធនធានធម្មជាតិ ដែនជម្រកសត្វព្រៃ ឧទ្យានជាតិ។ ការអនុគ្រោះពន្ធ នេះធ្វើឡើងតាមរយៈសំណើរបស់ក្រសួងបរិស្ថាន បន្ទាប់ពីបាន ទទួលស្គាល់ថា អង្គការសម្ព័ន្ធមិត្តសត្វ ព្រៃបានចូលរួមយ៉ាង សកម្មក្នុងកិច្ចការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា។

គួររំឭកថាគោល នយោបាយរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៦ បានផ្តោតជាសំខាន់លើកិច្ចគាំពារបរិស្ថាន និងការការពារ និងអភិរក្សធនធានធម្មជាតិ និងតែងតែគាំទ្រ និងផ្តល់ការលើកទឹកចិត្ត ជានិច្ចចំពោះ ស្ថាប័ននិងបុគ្គលដែលបានលះបង់ដើម្បីបុព្វហេតុធនធានធម្មជាតិ និងបរិស្ថាន។ ក្រសួងបរិស្ថានបាន និងកំពុងគ្រប់គ្រង ការពារ និងអភិរក្សតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះលើផ្ទៃដី ៧,៥លានហិកតា គឺស្មើនឹង ប្រមាណ ៤១% នៃផ្ទៃដីសរុបរបស់ព្រះរាជាណាចក្រកម្ពុជា។

ប្រភព៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ

LEAVE A REPLY

Please enter your comment!
Please enter your name here