ភ្នំពេញ៖នៅក្នុងពិធី ប្រកាសតែងតាំងមុខដំណែង ប្រធានរតនាគាររាជធានីភ្នំពេញថ្មី កាលពីរសៀលថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១៩ នៅសាលារាធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឆាន់ វឌ្ឍនៈ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តម ម៉ម សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានអង្គភាព និងមន្រ្តីអ្នកមុខអ្នកការជាច្រើននាក់ទៀត។
ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការប្រកាសតែងតាំងមន្រ្តីរាជការ ធ្វើឡើងជាធម្មតា ក្នុងដំណើរការមុខងារសាធារណៈរបស់មន្រ្តីរាជការស៊ីវិល ដែលតែងតែមាន ការតែងតាំង ការផ្ទេរភារកិច្ច សម្រួលភារកិច្ច និងចូលនិវត្តន៍ ទៅតាមនិតិវិធីដែលបានកំណត់ដោយច្បាប់។ ហើយថ្ងៃនេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើពិធីផ្ទេរភារកិច្ច និងចូលកាន់មុខដំណែង លោក ស៊ាង ដារ៉ា ជាប្រធានរតនាគារាជធានីភ្នំពេញ ជំនួសលោក កែ ប៊ុនឡេង ដែលត្រូវចូលនិវត្តន៍។
ក្នុងនោះដែរ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យ ថ្នាក់ដឹកនាំ និង ប្រធានអង្គភាព ចំណុះរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវប្រតិបត្តិខ្លួនជាមេដឹកនាំ បំរើរាស្រ្តដោយស្មោះត្រង់ ហើយត្រូវអនុវត្តឱ្យស្របតាមបាវចនាទាំង០២ និង អភិក្រមទាំង០៥ របស់សម្តេតេជោ នាយករដ្ឋមន្រ្តី គឺ កែទម្រង់ខាងក្នុង ពង្រីកមិត្តខាងក្រៅ និង ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាលនិងវះកាត់ ដើម្បីបន្តនិរន្តរភាពរដ្ឋបាល និង បន្តអនុវត្តន៍ស្នាដៃការងារឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ឯកឧត្តម អភិបាលបានបញ្ជាក់ថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តកម្មវិធីកំណែទម្រង់ចំនួន៤របស់រាជរដ្ឋាភិបាល ដែលក្នុងនោះមាន ការប្រយុទ្ធប្រឆាំងអំពើរពុករលួយ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ កងកម្លាំងប្រដាប់អាវុធ ដើម្បីប្រើប្រាស់ឱ្យអស់សក្កដានុពល និងកាលានុវត្តភាពទាំងឡាយដែលមាន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានភាពច្បាស់លាស់ចំទិសដៅ ទាន់សភាពការណ៍ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងដំណើរវិវឌ្ឍន៍នៃសង្គម សេដ្ឋកិច្ច និងនយោបាយ។
ឯកឧត្តម អភិបាលបញ្ជាក់ថា ថ្វីត្បិតតែរតនាគាររាជធានីភ្នំពេញ គឺជាអង្គភាពមូលដ្ឋាន ចំណុះឱ្យអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប៉ុន្តែជាកត្តាសត្យានុម័ត អង្គភាពនេះ ក៏ត្រូវមានគណនេយ្យភាព ចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការអនុវត្តលិខិតបទដ្ឋានគតិយុត្តិជាធរមាន ក្នុងតួនាទី និងភារកិច្ចស្នូល ចំនួន៤ក្នុងក្របខណ្ឌរាជធានីភ្នំពេញផងដែរ។ ដូច្នេះ ប្រធានរតនាគាររាជធានីថ្មី ត្រូវតែបន្តពង្រឹងអភិបាលកិច្ច ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាបន្តយកចិត្តទុកដាក់អនុវត្តការងារឱ្យបានល្អ បង្កើនសាមគ្គីភាព មិត្តភាព រក្សាឯកភាពផ្ទៃក្នុង និង បន្តកិច្ចសហប្រតិបត្តការជាមួយស្ថាប័ន្ធពាក់ព័ន្ធជុំវិញឱ្យបានកាន់តែល្អថែមទៀត។
លោក ស៊ាង ដារ៉ា ប្រធានរតនាគាររាជធានីភ្នំពេញ ថ្មី ក៏បានប្តេជ្ញាអនុវត្តឱ្យបានល្អ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ពិសេសអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជារបស់ក្រសួងសាម៉ី និងផែនការសកម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ សំដៅបំរើដល់ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងរាជធានី និងសង្គមជាតិទាំងមូល៕