ខេត្តកំពត-នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឧត្ដមសេនីយ៍ទោ ហ្វេង ហ៊្សាង (Feng Xiang) នាយរងសេនាធិការ កងទ័ពជើងគោក តំបន់យោធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន តំណាងកងទ័ពរំដោះប្រជាជនចិន បានអញ្ជើញជាអធិបតីបើក សមយុទ្ធនាគមាសឆ្នាំ២០១៩ ដែលជាសមយុទ្ធទ្វេភាគី កម្ពុជា-ចិន នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតតេជោសែន (ជុំគិរី) ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។
នៅក្នុងពិធីសមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០១៩ខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការរង និងតំណាងបញ្ជាការដ្ឋានប្រភេទទ័ព-ទ័ពជំនាញ រួមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អនុពន្ធ័យោធា នាយកស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ អាជ្ញាធរដែនដី ព្រមទាំងកម្មសិក្សាការីនៃកងទ័ពកម្ពុជា-ចិន ជាច្រើនរូបទៀត។
ក្នុងឱកាសបើកសមយុទ្ធនោះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងពីសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជូនចំពោះថ្នាក់ដឹកនាំសមយុទ្ធ នាយទាហាន នាយទាហានរង ពលទាហាន យោធាចារ្យ និងកម្មសិក្សាការីទាំងអស់ផងដែរ។
សូមបញ្ជាក់ថា ការធ្វើលំហាត់ និងសមយុទ្ធទ្វេភាគីកម្ពុជា-ចិននេះ ធ្វើឡើងក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការលើកស្ទួយទំនាក់ទំនងល្អ បង្កើតចំណងសាមគ្គី និងបណ្តុះបណ្តាលចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍ និងអភិវឌ្ឍធនធានកងទ័ព ដែលនាំឲ្យយោធិនគ្រប់រូបចេះសម្របសម្រួល ចេះរស់នៅនិងចេះធ្វើការងាររួមគ្នា ក្នុងពេលធ្វើប្រតិបត្តិការ ក៏ដូចជាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលមិនមែនជាប្រពៃណី។
ទីបញ្ចប់នៃពិធីនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់យោធិននៃកងទ័ពទាំងពីរប្រទេស ក៏ដូចជាយោធិន ដែលមានការពាក់ព័ន្ធនូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖
*ទី១៖ យោធិនគ្រប់រូប នៃកងយោធពលខេមរភូមិន្ទ ត្រូវតែរួមសហការយ៉ាងស្អិតរមួតចូលរួមអនុវត្ត ឱ្យបានជោគជ័យ នូវអនុសាសន៍ផ្តាំផ្ញើដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីខួបលើកទី២០ នៃការបង្កើតកងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កន្លងមកនេះ។
*ទី២៖ ត្រូវតែយកចិត្តទុកដាក់រៀនសូត្រ និងគោរពប្រតិបត្តិឱ្យបានម៉ឺងម៉ាត់នូវបទវិន័យទូទៅ និងលក្ខន្តិក:នៃកងយោធពលខេមរភូមិន្ទ។
*ទី៣៖ ត្រូវខិតខំក្រេបយកចំណេះដឹង ចំណេះធ្វើថ្មីៗ ល្អៗសម្រាប់ការបំពេញភារកិច្ចការពារ និងកសាងមាតុភូមិរបស់យើង ក៏ដូចជាចូលរួមចំណែកថែរក្សាការពារសន្តិភាព ស្ថេរភាពពិភពលោកឱ្យបានគង់វង្ស។
*ទី៤៖ សូមកងកម្លាំងភាគីមិត្ត ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងសមយុទ្ធនេះដោយស្មោះស ក្នុងស្មារតីសហប្រតិបត្តិការ និងគោរពគ្នាទៅវិញទៅមក ដោយស្មើភាព។
*ទី៥៖ គណៈកម្មការ និងក្រុមការងារនៃភាគីទាំងពីរ ត្រូវខិតខំអនុវត្តតួនាទីស្នូលរបស់ខ្លួនឱ្យបានហ្មត់ចត់និងធានាដោះស្រាយរាល់ការងារផ្គត់ផ្គង់ ការងារធានា បែងចែកឱ្យបានល្អ និងត្រឹមត្រូវទៅតាមគោលរបបដែលបានកំណត់៕ប្រភព Freshnews