(ព្រះសីហនុ) ក្នុងឱកាសប្រជុំផ្សព្វផ្សាយ ប្រកាសតំបន់វិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងនៅភូមិជើងគោ ឃុំជើងគោ នាព្រឹកថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៩នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី ខេត្តព្រះសីហនុ ក្រោមអធិបតីលោកស្រីម៉ម សាមុត អភិបាលរងនៃគណៈអភិបាលស្រុកព្រៃនប់ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ ជុំវិញស្រុក អង្គភាពពាក់ព័ន្ធ និង ក្រុមការងារចុះបព្ជីាដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងអាជ្ញាធរឃុំ ភូមិ ព្រមទាំងប្រជាពលរដ្ឋ ប្រមាណ ១២០ នាក់ បានចូលរួម ។
លោក ចេង ស្រុង បានលើកឡើងថា ការចុះបញ្ជីនេះ ក្រុមបច្ចេកទេស ឬ ក្រុមវាល នឹងចុះទៅ ស្រង់ទិន្នន័យវាស់វែង កំណត់ព្រំដី ដើម្បីកសាងប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដីដោយសហការជាមួយមន្ដ្រីឃុំនិងមេភូមិ។ដូចនេះនៅពេលដែលមេភូមិជូនដំណឹងដល់បងប្អូនស្នាក់នៅនោះ សូមបងប្អូនត្រៀមឯកសារដែលពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លី របស់បងប្អូន រៀបចំព្រំដីដោយបោះបង្គោលព្រំ និងមានការឯកភាពពីម្ចាស់ដីជាប់ព្រំព្រមទាំងដោះស្រាយទំនាស់ផ្សេងៗ ឲ្យបានរួចរាល់ និងត្រៀមខ្លួនចង្អុលបង្ហាញ ក្រុមបច្ចេកទេសពីព្រំដីដែលបងប្អូនកាន់កាប់ ដើម្បីធ្វើឲ្យដំណើរការនៃការចុះបញ្ជីនេះ ប្រព្រឹត្តិទៅបានដោយរលូន ប្រកបដោយប្រសិទ្ធភាព។
លោក បានបញ្ជាក់ទៀតថា ដីគឺជាអយុជីវិតរបស់ប្រជាពលរដ្ឋ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ សហការឲ្យបានល្អប្រសើរជាមួយក្រុមការងារ ព្រោះការចុះបញ្ជីរមានលក្ខណៈជាប្រព័ន្ធ បានផ្តល់នូវសារៈប្រយោជន៍ដល់បងប្អូន ប្រជាពលរដ្ឋ ដោយធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី។ ប័ណ្ណនេះ បងប្អូនអាច យកទៅដាក់ធនាគារ ដើម្បីយកថវិកា មកប្រកបរបរអាជីវកម្មផ្សេងៗបានថែមទៀត។ ម្យ៉ាងទៀតវាមានសារៈសំខាន់ដល់ រដ្ឋព្រោះវា ផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការ ប្រើប្រាស់ដីធ្លីបានសមស្របនិងគ្រប់គ្រងដីធ្លីបានល្អប្រសើរ ជាមូលដ្ឋានឲ្យរដ្ឋគឹតគូរប្រមូលចំណូលថវិកាជាតិនិងផ្តល់ លក្ខណៈងាយស្រួលក្នុងការជំរុញ កិច្ចការវិនិយោគលើកស្ទួយសេដ្ឋជាតិបានកាន់តែប្រសើរ ៕