ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា ប្រសិនបើប្រតិបត្តិការបង្ក្រាបលើកក្រោយសមត្ថកិច្ចដកហូតបានតែទំនិញ ហើយចាប់មិនបានអ្នកផលិត ឬអ្នកពាក់ព័ន្ធទេនោះ សម្ដេចនឹងមិនចូលរួមជាអធិបតី ដុតបំផ្លាញនោះឡើយ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «យើងមិនទាន់ចាប់បានអ្នកទទួលខុសត្រូវ យកមកផ្ដន្ទាទោសតាមច្បាប់នេះជាបញ្ហា។ យើងគ្រាន់តែនាំគ្នាបក់ផ្សេងតែមិននាំគ្នាពន្លត់ភ្លើងទេ នេះហើយជាបញ្ហា ដែលខ្ញុំគិតថាគណៈកម្មាធិការនេះ ត្រូវតែធ្វើការឲ្យបានម៉ត់ចត់ថែមទៀត។ ជោគជ័យជាមូលដ្ឋានរបស់យើង គឺការលុបបំបាត់ការចរាចរ ការលក់ដូរ ចឹងទាល់តែយើងផ្ដាច់ឬសគល់វា»។
ព្រមពេលជាមួយគ្នានេះ ប្រមុខដឹកនាំក្រសួងមហាផ្ទៃ ក៏បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ព្រោះថាទំនិញក្លែងក្លាយ និងខូចគុណភាព ដែលបង្ក្រាបបាននេះ ជាទំនិញដែលគេស្ដុកទុកក្នុងឃ្លាំងតែប៉ុណ្ណោះ ខណៈមួយចំនួនទៀតដែលបង្ក្រាបមិនបាន កំពុងតែចរាចរយ៉ាងសកម្ម ដែលជាហេតុនាំឲ្យការបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
សម្ដេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទំនិញដែលយើងរឹបអូសបាននៅថ្ងៃនេះប្រមាណ៧០តោន ខ្ញុំគិតថាប្រហែលជារបស់ដែលស្ដុកក្នុងឃ្លាំង មិនមែនរបស់ដែលបានចែកចាយផុតហើយទេ ហើយខ្ញុំមិនដឹងថា អ្នករកស៊ីមុខរបបបែបនេះ មានគម្រោងយកចូលប៉ុន្មានទៀតនៅពេលខាងមុខ។ នេះជាបញ្ហាដែលយើងត្រូវឃើញហើយរួមគ្នាដើម្បីទប់ស្កាត់»។
ឆ្លើយតបទៅនឹងបញ្ហានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចដែលជាប់ពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នា បង្ក្រាបបទល្មើសមួយនេះបន្ថែមទៀត ដោយមិនត្រូវបញ្ឈប់នោះឡើយ ហើយនៅពេលបង្ក្រាបលើក ប្រសិនបើដកហូតបានតែវត្ថុតាង តែចាប់មិនបានអ្នកប្រព្រឹត្តដើម្បីយកមកផ្ដន្ទាទោសនោះទេ សម្ដេចនឹងមិនចូលរួមជាអធិបតីដើម្បីដុតបំផ្លាញនោះឡើយ។
សម្ដេច ស ខេង ក៏បានឲ្យដឹងថា រាល់ទំនិញក្លែងក្លាយ និងខូចគុណភាពទាំងអស់នោះ មិនធ្វើឲ្យប៉ះពាល់នៅថ្ងៃដែលទទួលទានភ្លាមៗនោះទេ ពោលវាបង្កផលប៉ះពាល់យ៉ាងខ្លាំងនាពេលអនាគត ហើយឥទ្ធិពលរបស់ផលិតទាំងអស់នោះ នឹងធ្វើឲ្យខូចសុខភាព និងឈានដល់អាយុជីវិតរបស់មនុស្ស ដែលជាអ្នកប្រើប្រាស់ផងដែរ៕