ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកម្ទេចចោលផលិតផលក្លែងក្លាយ ខុសច្បាប់ចំនួន ៧០ តោន ដែលសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបង្ក្រាបរឹបអូសពីជនល្មើសដែលចរាចរ ស្តុកទុក ផលិត និងចែកចាយនាពេលកន្លងមក។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) បានសេចក្តីប្រកាសព័ត៌មាន របស់ ស្តីពីពិធីកម្ទេចចោលផលិតផលក្លែងក្លាយ ខុសច្បាប់ចំនួន ៧០ តោន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារិ៍ ទី ១២ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង ៨ និង ០០ព្រឹក នៅទីលានដីតាមបណ្តោយមហាវិថីសម្តេចតេជោ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ពិធីនេះក៏នឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ពាក់ព័ន្ធ តំណាង អង្គទូត ស្ថាប័នតុលាការ អង្គភាពនានា អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងវិស័យឯកជន ជាតិ-អន្តរជាតិមួយចំនួនទៀត។
ជាមួយគ្នានោះដែរ លោកម៊ុត ចន្ថា អតីតមន្ត្រីគណបក្សប្រឆាំង ក៏បានសរសេរលើផេកហ្វេសប៊ុកនៅថ្ងៃទី ១១ មីនានេះថា សូមកោតសរសើរ ដល់សមត្ថកិច្ចដែលបានបង្ក្រាប និងចាប់បានទំនិញក្លែងក្លាយ ៧០ តោន។ យើងសូមលើកទឹកចិត្តថា ប្រសើរបបំផុត ពុំគួរបណ្តោយឲ្យទំនិញទាំងនេះ ឆ្លងកាត់ព្រំដែនចូលមកដល់ទីផ្សារចែកចាយ និងប្រើប្រាស់ទេ៕