ស្ថាបនិក Telegram លោក Pavel Durov បានបង្ហើបកាលពីពេលថ្មីៗនេះថាការវាយប្រហារលើសេវាកម្មផ្ញើសាររបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន គឺមានប្រភពចេញមកពីប្រទេសចិន។
កាលពីថ្ងៃពុធ ការវាយប្រហារ DDos បានធ្វើឲ្យ Sever របស់ Telegram ត្រូវផ្អាកដំណើរការអស់រយៈពេលខ្ទង់ ១ ម៉ោង ដោយនេះគាប់ជួនពេលដែលក្រុមអ្នកតវ៉ានៅហុងកុងបានប្រើប្រាស់ Telegram ជាមធ្យោបាយសម្របសម្រួលលើផែនការណ៍ធ្វើបត្យាប័នទៅប្រទេសចិន។ គ្រានោះបណ្តាអ្នកប្រើប្រាស់មិនថានៅប៉ែកអាមេរិកនិងប្រទេសជាច្រើនទៀត មិនអាចភ្ជាប់ចូលដំណើរការបាន រហូតដល់ក្រុមហ៊ុនធ្វើការដោះស្រាយរួចរាល់។
បង្ហោះលើ Twitter លោក Pavel Durov បានសង្កត់ធ្ងន់ថា IP Address នៃការវាយប្រហារភាគច្រើនលេចចេញមកពីប្រទេសចិន។ បច្ចុប្បន្នភ្នាក់ងារ Cyberspace Administration របស់ចិន ដែលទទួលបន្ទុកត្រួតពិនិត្យលើគោលនយោបាយប្រព័ន្ធអ៊ីនធឺណិតមិនទាន់មានការឆ្លើយតបជុំវិញបញ្ហានេះនៅឡើយ។
គួរបញ្ជាក់ថា Telegram គឺជាសេវាកម្មផ្ញើសារមួយដែលទទួលបានការពេញនិយមទូទាំងសកលលោក ដែលអនុញ្ញាតឲ្យអ្នកប្រើអាចផ្ញើសារ រូបភាព វីដេអូ និងឯកសារទៅកាន់អ្នកលេងឯទៀត ជាមួយនឹងការបង្កើត Group ប្រមូលផ្តុំសមាជិកបានរហូតដល់ ២០០ ០០០ នាក់៕