កិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើសេចក្តីព្រាងប្រកាស ស្តីពីចំណាត់ថ្នាក់ នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សម្រាប់គម្រោងអភិវឌ្ឍន៍

0
496

នាថ្ងៃព្រហស្បត្តិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើសេចក្តីព្រាងប្រកាស ស្តីពីចំណាត់ថ្នាក់ នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សម្រាប់គម្រោងអភិវឌ្ឍន៍ នៅទីស្តីការក្រសួងបរិស្ថាន។ កិច្ចប្រជុំបានដំណើការជាមួយវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូបចូលរួម។

កិច្ចប្រជុំនេះរៀបចំក្នុងគោលបំណងសំខាន់ ដើម្បីធ្វើចំណាត់ថ្នាក់នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់ប្រភេទគម្រោងអភិវឌ្ឍន៍ ឱ្យបានច្បាស់លាស់ថា ប្រភេទគម្រោងណាត្រូវរៀបចំរបាយការណ៍វាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ឬរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង ឬកិច្ចសន្យាការពារបរិស្ថាន។ ទន្ទឹមនឹងនេះ ការរៀបចំសេចក្តីព្រាងប្រកាស ស្តីពីចំណាត់ថ្នាក់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់គម្រោងអភិវឌ្ឍន៍នេះ នឹងជួយសម្រួលការងារផ្តល់សេវារបស់ក្រសួងបរិស្ថានជូនម្ចាស់គម្រោងអភិវឌ្ឍន៍ ឯកជន និងសាធារណៈឱ្យកាន់តែមានភាពងាយស្រួល និងរហ័ស ដោយស្មារតីទទួលខុសត្រូវខ្ពស់ព្រមទាំងផ្តល់ជំនឿទុកចិត្តលើការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន មកលើក្រសួងបរិស្ថាន ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here