ឯកឧត្តម ឃួង ស្រេង ៖សមិទ្ធផលសំខាន់ៗ ដែលសមាគមមូលនិធិត្រីចក្រយានកម្ពុជា សម្រេចបានក្រោយដំណើរការរយៈពេលមួយឆ្នាំ

0
272

ភ្នំពេញ៖«មូលនិធិត្រីចក្រយានយន្ត» ឬហៅកាត់ថា «មូលនិធិស៊ីក្លូ» ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្តិយសសមាគម បានចុះបញ្ជី​ទទួលស្គាល់ត្រឹមត្រូវ​តាមច្បាប់​ តាមរយៈប្រកាសលេខ​១៩០ ប្រក​ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ដែលគិតមកទល់ពេលនេះ សមាគមមានអាយុកាល​០១​ឆ្នាំ ០២​ខែ​កន្លងមកហើយ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិត្រីចក្រយានកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ បានបង្ហាញនូវសមិទ្ធផលសំខាន់ៗ ដែលសមាគមសម្រេចបានរយៈពេលមួយកន្លែងមកនេះ ក្នុងពិធីសំណេះសំណាល និងស្រស់ស្រូបអាហារ​ជាមួយ​អ្នកធាក់ស៊ីក្លូ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ​បានបញ្ជាក់អំពីស្ថានភាពទូទៅ និងសមិទ្ធផលសំខាន់ៗ ដែលសមាគមមូលនិធិត្រីចក្រយានកម្ពុជា សម្រេចបានក្នុងរយៈពេលកន្លងមក ដូចខាងក្រោម៖

*នៅពេលចាប់ផ្ដើមដំណើរការ សមាគម មានសមាជិកសកម្មដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូសរុប ចំនួន​៣២៣​រូប ប៉ុន្តែ​នាពេលបច្ចុប្បន្ន​សមាគម នៅសល់សមាជិកសកម្មត្រឹមតែ​៣២០​រូប​តែប៉ុណ្ណោះ ដោយមូលហេតុ​សមាជិកចំនួន​០៣ រូប បានទទួលមរណភាពដោយជរាពាធ និងរោគាពាធ។

*ក្រោយការប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នូវមូលនិធិស៊ីក្លូរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី សមាគម បានផ្ដល់ជូនសមាជិកសកម្ម នូវអត្ថប្រយោជន៍ជាច្រើន ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

ក្នុងនោះ សមិទ្ធផលសំខាន់ៗគួរកត់សម្គាល់រួមមាន៖

*ទី​១៖​ បានផ្ដល់ឯកសណ្ឋានជូនសមាជិកនីមួយៗចំនួន​០២​កំប្លេ

*ទី២៖ បានធ្វើកាតសម្គាល់សមាជិក និងបានសហការជាមួយធនាគារវីង (Wing) ដើម្បីបោះពុម្ភកាតគណនីផ្ទាល់ខ្លួន សម្រាប់បើកផ្ដល់ថវិកាឧបត្ថម្ភប្រចាំថ្ងៃ ចំនួន​៧,០០០រៀល​ ក្នុងមួយថ្ងៃ ស្មើនឹង​២១០,០០០រៀល​ ក្នុងមួយខែ ដោយបានបញ្ចូលជាស្វ័យប្រវត្តិរៀងរាល់ ១០ថ្ងៃម្ដង ជាទៀងទាត់ ធ្វើឲ្យសមាជិកសមាគម មានភាពងាយស្រួលក្នុងការទទួលបានប្រាក់ឧបត្ថម្ភ

*ទី៣៖ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ឆ្នាំ២០១៨​កន្លងទៅ ជូនសមាជិករបស់សមាគម ក្នុងម្នាក់ៗចំនួន​៥០,០០០រៀល​

*ទី៤៖ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៨​កន្លងទៅ ជូនសមាជិករបស់សមាគម ក្នុងម្នាក់ៗចំនួន​៥០,០០០រៀល​

*ទី៥៖ បានបើកផ្ដល់ថវិកាឧបត្ថម្ភដល់ក្រុមគ្រួសារសមាជិក ដែលបានទទួលមរណភាពចំនួន​០៣​រូប ក្នុងនោះ គ្រួសារសពទទួលបានថវិកាចំនួន ១,០៥០,០០០រៀល ​ស្របតាមគោលការណ៍កំណត់របស់សមាគម

*ទី៦៖ បានផ្ដល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនសមាជិកសមាគមទាំងអស់ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពនានា ដោយឥតគិតថ្លៃ

*ទី៧៖ បានរៀបចំក្រុមការងារចុះសាកសួរសុខទុក្ខ និងផ្ដល់ថវិកាឧបត្ថម្ភបន្ថែម​ ដល់សមាជិកសមាគម ដែលរងរបួសក្នុងពេលបំពេញការងារ និងត្រូវសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ

*ទី៨៖ បានរៀបចំកែហ្រ្វាំងស៊ីក្លូ ដែលកន្លងមកបានកែច្នៃខុសទម្រង់ដើម ពីការចាប់ខាងក្រោយ មកចាប់ខាងមុខវិញ ដើម្បីអភិរក្សទម្រង់ដើមនៃស៊ីក្លូ

*ទី៩៖ បានរៀបចំដំឡើងស្លាកលេខសម្គាល់ស៊ីក្លូជូនសមាជិកទាំងអស់​។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ចំពោះប្រភពថវិការបស់សមាគម៖ ក្នុងឆ្នាំ២០១៨ សមាគមបានទទួលថវិកាវិភាគទានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន​៥០០លានរៀល​ជាការឧបត្ថម្ភដំបូង និង​២៤ម៉ឺនដុល្លារប្រចាំឆ្នាំ ព្រមទាំងមានការចូលរួមពីសំណាក់​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អ្នកតំណាងរាស្ត្រ អ្នកឧកញ៉ា លោកឧកញ៉ា និងរូបលោក​ផ្ទាល់ សរុបថវិកាទទួលបានមានចំនួន​៥៧០,០០០,០០០រៀល ​និង​៤៩៦,០០០ដុល្លារ។

សម្រាប់ឆ្នាំ២០១៩​នេះ សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តផ្ដល់ថវិកាវិភាគទានប្រចាំឆ្នាំចំនួន​២៤ម៉ឺនដុល្លារក្នុង១ឆ្នាំ និងទទួលបានការចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ចំនួន​​៥ម៉ឺនដុល្លារក្នុង១ឆ្នាំ, លោកឧកញ៉ា លាង ឃុន ចំនួន​៥ម៉ឺនដុល្លារក្នុង១ឆ្នាំ, លោកឧកញ៉ា ថៃ ជាហួត ចំនួន​៥ម៉ឺនដុល្លារក្នុង១ឆ្នាំ, លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ចំនួន​៥ម៉ឺនដុល្លារក្នុង១ឆ្នាំ និងលោក ឃួង ស្រេង​ ចំនួន​៤០លានរៀល សរុបថវិកាទទួលបានបឋមមានចំនួន​៤០,០០០,០០០រៀល និង​៤៤០,០០០ដុល្លារ។ ជាមួយនឹងថវិកាដែលទទួលបាន មកទល់ពេលនេះ សមាគម​បានបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក និងចំណាយរដ្ឋបាលទូទៅ សរុបអស់ថវិកាចំនួន​១,០៩៥,៩៥៩,២០០រៀលប្រធានក្រុមប្រឹក្សាភិបាលរូបនេះ បានគូសបញ្ជាក់ថា​ ការបង្កើតសមាគមមូលនិធិត្រីចក្រយានកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់ នៃការចូលរួមអនុវ​ត្ត ប្រព័ន្ធគាំពារសង្គម តាមរយៈការជួយសម្រាលទុក្ខលំបាក និងរួមចំណែកគិតគូរអំពីសុខភាព និងជីវភាពរបស់​ប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ ឲ្យទទួលបានសេវាសង្គមកិច្ច សុខាភិបាល និងការរស់នៅ ប្រកបដោយភាពថ្លៃថ្នូរ ជាពិសេសរួមគ្នាអភិរក្ស និងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕ ប្រភពFreshnews ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here