ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ នៅទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ ( City Bus ) បានរៀបចំពិធីសម្ពោធស្ថានីយ៍ចំណតរថយន្ដក្រុង ( Bus Depot ) អគារទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ និង ពិធីប្រគល់-ទទួលរថយន្តក្រុងចំនួន ៨០គ្រឿង និង បរិក្ខាបច្ចេកទេសដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម HORINOUCHI ឯកអគ្គរាជទូតវិសាមញ្ញានិងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។
គួរឲ្យដឹងដែរថា រថយន្តក្រុងចំនួន ៤១ គ្រឿង ដែលបានផ្តល់ជូនសាលារាជធានីភ្នំពេញ ជាដំណាក់កាលទី ១ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានដាក់ឲ្យដំណើរការនាថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៨ ចំនួនខ្សែរត់នៃសេវារថយន្តក្រុងបានកើនឡើងពី ៩ ទៅ ១៣ ខ្សែរត់ ។
ដោយឡែកនៅព្រឹកថ្ងៃទី ១៩ មិថុនា ២០១៩នេះ រថយន្តក្រុងចំនួន ៣៩ គ្រឿង បានផ្តល់ជូនបន្ថែមដល់សាលារាជធានីភ្នំពេញ ដូចនេះ រថយន្តក្រុងសរុបចំនួន ៨០ គ្រឿង នឹងដំណើរការនៅរាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ។
តម្លៃសំបុត្ររថយន្តក្រុងគឺ ១,៥០០រៀល ។ អ្នកអាចជិះរថយន្តក្រុង និ ងបង់ថ្លៃសំបុត្ររថយន្តក្រុងក្នុងប្រអប់តាមច្រកចូលទ្វារមុខនៃរថយន្តក្រុងស្ថិតនៅក្បែរអ្នកបើកបរ ។ មនុស្សចាស់ ជនពិការ កម្មកររោងចក្រ ស្ដ្រីមានផ្ទៃពោះ ព្រះសង្ឃ សិស្ស និស្សិត គ្រូបង្រៀន អត្តពលិក ជិះរថយន្តក្រុងដោយមិនគិតថ្លៃ ៕