(ភ្នំពេញ) នៅថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានបើកកិច្ចប្រជំពិភាក្សារវាងសាលារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរកម្ពុជា ស្តីពីការរៀប ចំផ្សព្វផ្សាយការគ្រប់គ្រងសំណល់រឹង-រាវ ក្នុងនិងជុំវិញបរិវេណរោងចក្រ ការរៀបចំជ្រើសរើសផ្លូវបរិស្ថានគំរូ និងបញ្ហាផ្សេងៗ ដែលដឹកនាំដោយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានសមាជិកចូលរួមពីសមាគមរោងចក្រកាត់ដេរ(GMAC) សាលារាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានី និងតំណាងអគ្គនាយកដ្ឋានជំនាញរបស់ក្រសួងបរិស្ថាន សរុបចំនួន១៥នាក់។
កិច្ចប្រជុំបានផ្តោតការយកចិត្តទុកដាក់ពិភាក្សាលលើ៖
១- រៀបចំរបាយការណ៍ស្តីពីស្ថានភាពបរិស្ថានរាជធានីភ្នំពេញ ជាជំហានដំបូងស្តីពីករណីសំណល់រឹង-រាវ រោងចក្រទូទាំងរាជធានីភ្នំពេញ។
២- ជំរុញការអនុវត្តនូវកិច្ចសន្យាគាំពារបរិស្ថានតាមបណ្តារោងចក្រឱ្យមានប្រសិទ្ធភាពបន្ថែម ដោយត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការគ្រប់គ្រងសំណល់រឹង-រាវ ក្នុងនិងជុំវិញបរិវេណរោងចក្រដល់រោងចក្រទាំង៧៣២។ សាលារាជធានីសហការរៀបចំជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងមានការចូលរួមពីសមាគមរោងចក្រកាត់ដេរ(GMAC) និងភាគីពាក់ព័ន្ធនានា។
៣- ការងារអប់រំនិងផ្សព្វផ្សាយបរិស្ថាន។ មន្ទីរបរិស្ថានរាជធានីភ្នំពេញ៖
– ត្រូវបង្កើនការផ្សព្វផ្សាយតាមសាលារៀនគ្រប់កំរិត
– ត្រូវបង្កើនការផ្សព្វផ្សាយពីផល់ប៉ះពាល់ពីសំរាម ដល់កម្មកររោងចក្រ និងបណ្តាអាជីវករនៅមុខរោងចក្រ
– ត្រូវបង្កើនការផ្សព្វផ្សាយដល់បណ្តាក្រុមហ៊ុនឯកជននានា
– សហការជាមួយរោងចក្ររៀបចំកន្លែងទុកដាក់ធុងប្រមូលសំរាម ក្នុងនិងក្រៅររោងចក្រ
– អគ្គនាយកដ្ឋាននាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថានត្រូវបង្កើតVideo Clip ស្តីពីអប់រំបរិស្ថាន សម្រាប់ រោងចក្រផ្សព្វផ្សាយដល់កម្មករ-កម្មាការីនីនៅពេលសម្រាកបាយថ្ងៃត្រង់
– ពិភាក្សាបន្ថែមជាមួយក្រុមហ៊ុនប្រមូលសំរាម លើការប្រមូលអោយបានទាន់ពេលវេលា។
៤- ការជ្រើសរើសផ្លូវបរិស្ថានគំរូ ដោយគ្មានថង់ផ្លាស្ទិច កែលម្អបញ្ហាលូដោយរៀបចំគម្របត្រឺមត្រូវ ដើម្បី ប្រែក្លាយជាវិថីទេសចរណ៍។
៥- បញ្ហារផ្សេងៗ៖ ពាក់ព័ន្ធកន្លែងប្រមូលសំរាមទីសាធារណៈ អង្គប្រជុំស្នើសាលារាជធានី និងមន្ទីរបរិស្ថាន រាជធានី ពិភាក្សារៀបចំទីកន្លែងដាក់ធុងសំរាម អោយចំទីតាំងតាមគោល ដៅជាយុទ្ធសាស្ត្រ ស្របតាមស្ថាន ភាពបរិស្ថានជាក់ស្តែង៕