លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាល ជាមួយនារីក្រសួង ប្រមាណជាង៤០០នាក់ ក្នុងឱកាសទិវាប្រារព្ធសិទ្ធិនារី ៨មីនា ឆ្នាំ២០១៩ នៅក្រសួងអធិការកិច្ច ក្រោមប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ពិធីនេះបានប្រព្រឹត្ដធ្វើនៅថ្ងៃពុធ ០១កើតខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ០៦ មីនា ឆ្នាំ២០១៩ ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានបញ្ជាក់ថា ៖ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា ។ សម្រាប់នៅកម្ពុជាមិនថាតែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែបច្ចុប្បន្ននេះនារីក៏ត្រូវបាន រំដោះពីសំពាធជាច្រើនហើយមានសមភាព សម្រេចកិច្ចការអ្វីៗ ស្នើនិងបុរស មានសិទ្ធិសេរីភាពពេញលេញក្នុងការចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តនានា ក៏ដូចជាការចូលរួមក្នុងការងារសង្គមផងដែរ ។
លោកជំទាវក៏បានបន្តទៀតថា ដើម្បីលើកស្ទួយនូវតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃសដ្ឋកិច្ច និងសង្គមជាតិ ក្នុងកិច្ចគាំពារសង្គមឲ្យមានប្រសិទ្ធភាពនោះ សូមអំពាវនាវដល់អគ្គនាយកដ្ឋានទាំង៣ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចត្រូវបន្ដអនុវត្ដ បង្កើនស្នាដៃ និងសហការឲ្យបានល្អជាមួយ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ។
ជាទីបញ្ចប់លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានជម្រុញ ឯកឧត្តម ចាប សុថារិទ្ធ រដ្ឋលេខាធិការ ជួយសម្របសម្រួល ក្នុងការឧបត្ថម្ភដល់ស្ត្រីជាមន្ត្រីរាជការលំហែរមាតុភាព ស្របតាមអានុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។