(ភ្នំពេញ) ប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប ស ស )ចំនួន៧៥៨បណ្ណ័ ត្រូវបានប្រគល់ ជូនមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃរដ្ឋបាលរាជធានីភ្នំពេញ និង អង្គភាពជុំវិញរដ្ឋបាលរាជធានី ដើម្បីយកទៅប្រើ ប្រាស់ជាអត្ថប្រយោជន៍ផ្នែកហានិ ភ័យការងារ និងផ្នែកថែទាំសុខភាព ។
ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៥ មិនា ២០១៩ក្រោមវត្តមានលោកជំទាវ កែវ សុខពិសីអភិបាលរង រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សា អាជ្ញាធរខណ្ឌទាំង១២ផងដែរ។
ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គមនិងប្រគល់ប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គមជូនមន្ត្រីរាជការនិងមន្រ្តីជាប់កិច្ចសន្យានៃសាលារាជធានីភ្នំពេញលោកស្រីកែវ សុខ ពិសី បានមានប្រសាសន៍វាយតម្លៃ ខ្ពស់ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំ ប្រឹងប្រែង របស់បេឡាជាតិរបបសន្តិសុខសង្គមដែលបានពុះពារជំនះគ្រប់ឧបសគ្គនិងការលំបាកនានារហូតសម្រេចបានសមិទ្ធផលនានាជាច្រើននាពេលកន្លងមកនេះ ដែលជាការរួមចំណែកធ្វើឲ្យសម្រេច បាននូវជោគជ័យ គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។ការសម្រេចបាននូវជោគជ័យនិងសមិទ្ធផលទាំងនេះពិតជាបានរួមចំណែកក្នុងការលើកកម្ពស់សុខមាលភាពរបស់មន្រ្តីរាជការនិងមន្រ្តីជាប់កិច្ចសន្យាឲ្យបានកាន់តែប្រសើរថែមទៀតហើយក៏ជាមូលដ្ឋានក្នុងការកាត់បន្ថយភាពក្រីក្រនិងកសាងសង្គមកម្ពុជាឲ្យមានការរីកចម្រើនប្រកបដោយបរិយាប័ន្ននិងមានចីរភាពជាបន្តទៀត។
លោកស្រីអភិបាលរងបានបន្តទៀតថា សមាជិក ដែលទទួលបានប័ណ្ណបសសនៅថ្ងៃនេះ គឺសុទ្ធសឹងតែជាមន្ត្រីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជានិងមន្រ្តីជាប់កិច្ចសន្យាដែលទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈ។
លោកជំទាវ បានបញ្ជាក់ទៀតថា ចំនួនបណ្ណសមាជិក បសសដែលបានប្រគល់នៅថ្ងៃនេះ និងចំនួន មន្រ្តីរាជការនិងមន្រ្តីជាប់កិច្ចសន្យារដ្ឋបាលរាជធានីភ្នំពេញគឺនៅមានមន្ត្រីរាជការប្រមាណ ២៨៤១នាក់ បន្ដទៀតនៅមិនទាន់ទទួលបានប័ណ្ណបសសនៅឡើយ។ពាក់ព័ន្ធនឹងបញ្ហានេះលោកស្រីបានស្នើសុំឲ្យក្រុមការងារនៃបសសបន្តពិនិត្យនិងរៀបចំប័ណ្ណសមាជិកជូនមន្ត្រីរាជការដែលនៅសល់បានប្រើប្រាស់និងទទួលបានអត្ថប្រយោជន៍នានាពីការប្រើប្រាស់ប័ណ្ណសមាជិកបសសនេះ។
ទីចាត់ការគ្រប់គ្រងធនធានមនុស្សរដ្ឋបាលរាជធានីភ្នំពេញនិងសហការជាមួយក្រុមការងារបសសដើម្បីផ្ដល់ទិន្នន័យនិងបញ្ជីឈ្មោះមន្រ្តីរាជការនិងមន្រ្តីជាប់កិច្ចសន្យាដែលនៅសេសសល់ដើម្បីបម្រើដល់សំណូមពរការងាររៀបចំប័ណ្ណសមាជិកបសសជាបន្តទៀត។
ជាមួយគ្នានេះលោកជំទាវ បានស្នើដល់តំណាងទាំង ១២ខណ្ឌបន្ទាប់ពីទទួលបាន ការផ្សព្វផ្សាយនិងទទួល យកប័ណ្ណសមាជិតបសសរួចហើយសូមរួសរាន់ចាត់ចែងរៀបចំពិធីផ្សព្វផ្សាយគោលនយោបាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គម ស្របតាមខ្លឹមសារ ឯកសារដែលបាន ចែកជូននិងបទបង្ហាញ របស់ក្រុមការងារបសសរួមទាំងប្រគល់ប័ណ្ណសមាជិតបសសជួនមន្រ្តីរាជការនិងមន្រ្តីជាប់កិច្ចសន្យាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីប្រើប្រាស់ក្នុងការទទួលយកសេវាសន្តិសុខសង្គមដែលរដ្ឋបានកំណត់។
ទាក់ទិននឹងការប្រគល់ប័ណ្ណបសសជូនមន្ត្រីរាជការខាងលើនេះ លោក សុខ បូរ៉ា ប្រធានការិយាល័យ តាវកាលិកនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថា អត្ថប្រយោជន៍របស់ បេឡាជាតិរបបសន្តិសុខសង្គមស្ដីពីរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារនិងផ្នែកថែទាំសុខភាពនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។
លោកបានបញ្ជាក់ទៀតថា នេះជាលើក ទី៨ហើយបន្ទាប់ពីបានប្រគល់ប័ណ្ណបសសជួយមន្ត្រី រាជការនៅតាមបណ្តាខេត្តផ្សេងៗនិងមន្ត្រីស្ថាប័នរដ្ឋថ្នាក់កណ្ដាលត្រូវបានផ្សព្វផ្សាយឬជិតអស់ហើយនៅសល់តែក្រសួងសុខាភិបាលនិងក្រសួងសង្គមកិច្ចដែលនឹងរៀបចំជូននៅពេលខាងមុខនេះ។
ជាមួយគ្នានោះលោកក៏បានរំឭកផងដែរថាមន្រ្តីរាជការគ្រប់រូបមានសិទ្ធិប្រើប្រាស់ប័ណ្ណបសសនេះចាប់តាំងពីថ្ងៃទី ០១ខែមករាឆ្នាំ ២០១៨ មកម្ល៉េះនីតិវិធីនៃការប្រើប្រាស់ សេវាព្យាបាល ក៏ដូចជាចូលទៅប្រើប្រាស់សេវាសុខាភិបាលរដ្ឋមិនត្រូវបានប្រើប្រាស់លុយកាក់នោះទេលើសពីនេះរាជរដ្ឋាភិបាលក៏បានផ្ដល់ជូននូវកាដូដ៏ធំមួយទាក់ទងនឹងការព្យាបាលជំងឺមហារីកដែលនៅតាមបណ្ដាប្រទេសជាសមាជិកអាស៊ានមួយចំនួនមិនបានគ្របដណ្ដប់លើបញ្ហានេះដូចកម្ពុជានៅឡើយទេ។ ក្រៅពីនេះនីតិវិធីនៃការព្យាបាលនៅតាមមន្ទីរពេទ្យដែលជាដៃគូរគឺបសសជាអ្នកទទួលបន្ទុកនូវរាល់ការចំណាយផ្សេងៗក្រៅពីនេះក៏គ្របដណ្ដប់ទៅលើជម្ងឺ២ធំទៀតដែលបានកើតមានមកហើយនៅលើមនុស្សវ័យចាប់ពី ៥០ ឆ្នាំឡើងទៅនោះគឺជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាមផងដែរ៕