អន្តរជាតិ៖ ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់សហរដ្ឋអាមេរិច កំពុងប្រឈមនឹងការចោទសួរជាច្រើន បន្ទាប់ពីមានការធ្លាក់យន្តហោះ Ethiopian Airlines 737 កាលពីថ្ងៃអាទិត្យ ដែលបានសម្លាប់មនុស្សទាំងអស់ចំនួន ១៥៧ នាក់ នៅលើយន្តហោះ ។
នេះជាការធ្លាក់លើកទី ២ ហើយក្នុងរយៈពេលប្រាំខែ ដែលពាក់ព័ន្ធនឹងយន្តហោះប្រភេទ 737 Max 8 ដែលជាយន្តហោះថ្មីចុងក្រោយបំផុតផលិតដោយក្រុមហ៊ុន Boeing ។
គេបានធ្វើការសន្និដ្ឋានជាបឋមថា វាមានភាពស្រដៀងគ្នាទៅនឹងគ្រោះថ្នាក់នៃយន្តហោះ Lion Air ដែលបានធ្លាក់កាលពីខែតុលាឆ្នាំមុនដែរ បណ្តាលមកពីបាត់បង់ការបញ្ជាមុខងារគ្រប់គ្រងរយៈកម្ពស់ នៅក្រោយពេលចេញដំណើរបានបន្តិច ។ ទោះជាយ៉ាងណាក្តី អ្នកជំនាញបាននិយាយថា គេមិនចេះតែសន្និដ្ឋានភ្លាមៗនោះទេ ចំពោះការធ្លាក់យន្តហោះនៅពេលនេះ ។
គួររំឭកថា ក្រុមហ៊ុនអាកាសចរណ៍អេត្យូពីជើងហោះហើរ ET302 បានធ្លាក់នៅវេលាម៉ោង ៨ និង ៤៤ នាទី (ម៉ោងក្នុងស្រុក) តែ ៦ នាទីប៉ុណ្ណោះបន្ទាប់ពីបានហោះចេញពីទីក្រុង Addis Ababa ឆ្ពោះទៅកាន់ Nairobi និង បានធ្លាក់នៅក្បែរទីក្រុង Bishoftu ចំងាយ ៦០ គីឡូម៉ែត្រភាគអាគ្នេយ៍ ៕ប្រភពBBC