(ឥណ្ឌូណេស៊ី) បុរសម្នាក់បានធ្លាក់ចូលក្នុងអាងក្រពើ បានបាត់បង់ជីវិតដោយសារក្រពើខាំស៊ីគ្មានសាកសព។ ប្រជាជនមួយភូមិដែលពោរពេញដោយភ្លើងកំហឹង បានកាប់សម្លាប់សត្វក្រពើសរុបជិត ៣០០ក្បាល នៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។
ការសម្លាប់សត្វក្រពើដើម្បីសងសឹងខាងលើ ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍កន្លងទៅ នៅខេត្ត ប៉ាពួរ (Papue) បន្ទាប់ពីការរៀបចំបុណ្យសពរបស់បុរសម្នាក់ ដែលបានទទួលមរណភាព ក្រោយពីជនរូបនោះបានធ្លាក់ទៅក្នុងរោងចិញ្ចឹមក្រពើមួយកន្លែងនៅពេលកំពុងដើររកមើលស្មៅឲ្យសត្វគោរបស់ខ្លួនស៊ី។ ជនរងគ្រោះដែលមានវ័យ ៤៨ឆ្នាំ ត្រូវបានក្រពើត្របាក់ចំជើង ហើយចុងក្រោយត្រូវវាត់នឹងកន្ទុយបណ្តាលឲ្យដាច់ខ្យល់ស្លាប់តែម្តង។
សូមបញ្ជាក់ផងដែរថា បងប្អូនសាច់ញាតិរបស់ជនរងគ្រោះ ព្រមទាំងអ្នកភូមិជាមួយគ្នានា ដែលផ្ទុះការខឹងសម្បារជាខ្លាំង ចំពោះទីតាំងនៃកសិដ្ឋានចិញ្ចឹមសត្វក្រពើ នៅក្បែរលំនៅឋានប្រជាជននោះ និងមានគ្នីគ្នាខ្ទង់រយនាក់បានសម្រុកទៅកាន់កន្លែងចិញ្ចឹមក្រពើ ដោយកាន់កាំបិត ដាវ និងចបជាដើមហើយពួកគេក៏បានប្រើប្រាស់អាវុធទាំងនោះ កាប់សម្លាប់សត្វក្រពើសរុប ២៩២ក្បាល ក្នុងនោះមានតាំងពីកូនក្រពើប្រវែង ១០សង់ទីម៉ែត្រ រហូតដល់ក្រពើជំទង់ៗប្រវែង ០២ម៉ែត្រ។ ជុំវិញទង្វើនេះ ប៉ូលិសបានឲ្យដឹងថា ពួកគេកំពុងបើកការស៊ើបអង្កេត៕
នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Channel News Asia។