ភ្នំពេញ៖ តារាសម្តែង កុល ដាវី និងតារាចម្រៀងសុខ រក្សា សម្រេចចិត្តចូលរោងការហើយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ បន្ទាប់ពីស្វែងយល់ចិត្តគ្នាអស់ជិត១០ឆ្នាំ ។ អ្វីដែលធ្វើឲ្យពួកគេរំភើបក្រោយពីទទួលបានការសាកសួរសុខទុក្ខ និងចងដៃ ថ្ងៃមង្គលការពួកគេពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត នូវទឹកប្រាក់ចំនួន៥ពាន់ដុល្លារអាមេរិក។
កុល ដាវី បានបញ្ជាក់ថា ថ្ងៃមង្គលការនាងទទួលបានចំណងដៃទឹកប្រាក់ចំនួន ៥០០០ ដុល្លារ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដែលធ្វើឱ្យនាងរំភើបចិត្តខ្លាំងដល់ថ្នាក់អង្គុយមិនជាប់កៅអីទៅហើយ ។ កុល ដាវី បានបញ្ជាក់ដែរថា «យើងខ្ញុំទាំងពីរនាក់ពិតជារំភើបចិត្តខ្លាំងណាស់ រកអ្វីនិយាយប្រៀបពុំបានឡើយ លើកទី ២ ហើយ ដែលសម្តេច មីង លោកបានសួរនាំពីថ្ងៃរៀបមង្គលការរបស់ពួកខ្ញុំ ពិតជាមហាកិត្តិយសដ៏ធំធេងណាស់ដែលសម្តេចមីង និង សម្តេចពូ លោកទាំងពីរបានចងដៃយើងខ្ញុំទាំងពីរក្នុងថ្ងៃអាពាហ៍ពិពាហ៍ចំនួន ៥០០០ ដុល្លារ» ។ កុល ដាវី បាននិយាយទៀតថា នាងពិតជារំភើបចិត្តខ្លាំងរហូតដល់ទប់ទឹកភ្នែកស្ទើរពុំជាប់ ពេលដែលសម្តេចចងដៃមង្គលការយើងទាំងពីរចំនួន ៥០០០ ដុល្លារបែបនេះ នេះជាចំណងដៃធំបំផុតក្នុងជីវិតរបស់នាង ។
គួរបញ្ជាក់ដែរថា កុល ដាវី បានបង្កាត់ភ្លើងស្នេហាជាមួយតារាចម្រៀងសាន់ដេ លោកសុខ រក្សា ជិត១០ឆ្នាំមកហើយ ក្រោយពីអ្នកទាំង២ បានដឹកដៃគ្នាទៅច្រៀងសម្ដែងនៅប្រទេសកាណាដា តែ២នាក់ ។ ពួកគេបានចាប់ដៃគ្នាបើកមុខជំនួញមួយចំនួនរួមគ្នាទាំងបង្កើតក្រុមតន្ត្រីសម័យ និងលក់សម្លៀកបំពាក់តាម Online ជាដើម ។ មង្គលការរបស់ពួកគេត្រូវបានធ្វើឡើងដោយពិធីសូត្រមន្ត និងហែកំណត់ត្រូវបានរៀបចំធ្វើនៅគេហដ្ឋានពួកគេផ្ទាល់នាផ្ទះលេខ156 ផ្លូវP13 ក្នុងបុរីជីបម៉ុងលែន ខណ្ឌសែនសុខ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ៕
ប្រភព៖ Heng Ly