ក្នុងអំឡុងពេលកន្លងទៅ មហាជននាំគ្នាកោតសរសើរយ៉ាងខ្លាំងនូវទឹកចិត្តតារាសម្ដែងស្រីរូបស្រស់ ស៊ីន យូប៊ីន ដែលមានចិត្តសប្បុរសព្រមកាត់ទឹកប្រាក់ ៣០ ភាគរយនៃប្រាក់ចំណូលរបស់ខ្លួនដែលរកបានពីសិល្បៈនោះ ទៅឱ្យមន្ទីរ «ពេទ្យគន្ធបុប្ផា» ដើម្បីជាផ្នែកមួយក្នុងការរួមចំណែកជួយដល់កុមារកម្ពុជា ។
ខណៈទឹកចិត្តរបស់តារាស្រី ស៊ីន យូប៊ីន ស្ថិតនៅជាប់ក្នុងបេះដូងប្រជាជនខ្មែរនៅឡើយ ថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេគឺលោក ជ័យ សុវ៉ាត ស្រាប់តែចូលរួមឧបត្ថម្ភប្រាក់ចំនួន ៥០០ ដុល្លារក្នុងមួយឆ្នាំ រយៈពេល ៥ ឆ្នាំដល់មន្ទីរពេទ្យខាងលើ ។ ជ័យ សុវ៉ាត នៅបញ្ជាក់ទៀតថា លោកនឹងបន្តឧបត្ថម្ភថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផាបន្តទៀត បើសិនជាលោកនៅតែរកចំណូលបានពីសិល្បៈ ។
តារាចម្រៀង ជ័យ សុវ៉ាត លើកឡើងដូច្នេះថា «ខ្ញុំបាទ ជ័យ សុវ៉ាត នឹងខិតខំរកប្រាក់តាមរយៈការច្រៀងដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុង ១ ឆ្នាំ ៥០០ ដុល្លារ រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០១៩ ទៅ បើខ្ញុំនៅតែរកប្រាក់បាន ខ្ញុំនៅតែបន្តជួយកុមារកម្ពុជាបន្តទៀត» ។ នេះជាទឹកចិត្តរបស់តារាចម្រៀងប្រុសនៅសាន់ដេខាងលើ ដែលព្យាយាមបំពេញចិត្តសប្បុរសក្នុងនាមជាអ្នកសិល្បៈម្នាក់ជួយដល់កុមារតូចៗ ៕