យប់នេះជាយប់សែននំព្រះខែ, ហើយយប់នេះ យប់ពិសេសសំរាប់គ្រួសារនីមួយៗដែលជាប់ខ្សែរចិន

0
297

​(ភ្នំពេញ) នៅយប់ថ្ងៃច័ន្ទនេះ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ គឺជាព្រះខែពេញបូណ៌មី   ជាថ្ងៃ «សែននំព្រះខែ» អ្នកជាប់ខ្សែចិន។

យោងតាមឯកសារបានរៀបរាប់ថា៖ នៅ​ចុង​សតវត្សរ៍​ទី​១៤ ប្រទេស​ចិន ត្រូវបាន​​ក្តោប​ក្តាប់ និង​ឈ្លានពានដោយ​ពួក​ម៉ុង​ហ្គោល ដែល​បាន​ផ្តួល​រលំ​រាជវង្ស​សុង ហើយ​បង្កើតបាន​រាជ​វ​ង្ស​មួយ ដោយ​ខ្លួនឯងដែលមាន​ឈ្មោះថា រាជវង្ស​យាន​។ ក្រោម​ការត្រួតត្រា​របស់​រាជវង្ស យាន ប្រជាជន​ចិនដែលជា​ជនជាតិ​ហាន រស់​ក្រោម​ការភ័យខ្លាច និង​មិនមាន​សេចក្តីសុខ​ឡើយ ព្រោះ​រស់​ក្រោម​ការ​ធ្វើទុក្ខបុកម្នេញ ដោយសារតែ​ការប្រកាន់​ពូជសាសន៍រវាង​រាជវង្ស សុង និង រាជវង្ស យាន​។​

​ក្រោម​ការគ្រប់គ្រងដោយ​រាជវង្សយាន បានធ្វើ​ឲ្យ​ប្រជាជន​ចិន ដែលជា​ជនជាតិ​សុង រស់​រង​ទុក្ខ​នោះ ក៏បាន​ប្រែក្លាយជា​ការបះបោ​រ ព្រោះតែ​ការគៀបសង្កត់​របស់​រា​ជ​វង្ស​យាន​។ ក្នុងការ​បះបោរ​នោះមាន​មេដឹកនាំ​មួយ ឈ្មោះថា «ជូ​យានចាង​» ដើម្បី​ធ្វើការ​ប្រឆាំង និង​បះបោ​ជាមួយរាជការ​យាន។ គាត់​បានធ្វើ​ការប្រមូល​កម្លាំង​គ្រប់ទិសទី ក៏ប៉ុន្តែ​រាជវង្ស​យាន ធ្វើការ​រឹតបន្តឹង​យ៉ាងខ្លាំង​ចំពោះ «ជូយានចាង​» ក្នុងការ​ផ្តល់ព័ត៌មាន​ដល់​ប្រជាជន ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាជន​គ្រប់ទិសទី ដូច្នេះ​វា​មានការ​លំបាក​ខ្លាំង​។​

​ក្រោយមកដោយសារតែ​ការ​រឹតបន្តឹង ​នៃ​ការផ្តល់​ព័ត៌មាន​បែបនេះ «ជូ​យាន ចាង​» មាន​គ្រូ​របស់គាត់​មួយទៀត ដែល​តែងតែ​ផ្តល់នូវ​ដំបូន្មាន​។ លោកគ្រូ​នោះ ឈ្មោះ «​លៀវ ប៉​កវិន​» បានផ្តល់​មធ្យោបាយ​មួយ​ថា «​បើ​អ​ញ្ជឹ​ង​យើង​ត្រូវតែ​ជ្រើស​យក​ថ្ងៃ​សែន នំ​ព្រះ​ខែ​» ដោយ​យក​សំបុត្រ​ទាំងនោះ​ដាក់ចូល​ក្នុង​នំ​សែន​ព្រះ​ខែ ដើម្បី​ធ្វើការ​ចែកជូន ​ដល់​អ្នក​ដែល​បះបោរ​ទាំងអស់ ដោយសារតែ​នំ​ព្រះ​ខែ​នេះហើយ បានធ្វើ​ឲ្យ​អ្នកបះបោរ​ទាំងអស់ បានមក​ជួបជុំគ្នាដោយ​កំណត់​យក ថ្ងៃ​១៥​កើត ខែ​៨ ដើម្បី​ធ្វើការ​ប្រឆាំង​បះបោរ​ជាមួយ​កងទ័ព​រាជការ​យាន ។

​ដោយសារតែ​នំ​ព្រះ​ខែ​នេះហើយ បានធ្វើ​ពួក​អ្នកបះបោរ មក​ជុំគ្នាលើក​ជា​ទ័ព ប្រឆាំង​ជាមួយនឹង​រាជវង្ស​យាន​។ ទីបំផុត «​ជូយានចាង​» បានទទួល​ជោគជ័យ​នៅថ្ងៃនោះ​មែន ដែលជា​ថ្ងៃ​រំដោះខ្លួន​ពី​ពួក​ឈ្លានពាន​ម៉ុង​ហ្គោល ក៏ដូចជា​ការ​ការ​ផ្តួល​រលំ​រាជការ​យាន​។​

​បន្ទាប់ពី​ការ​ផ្តួល​រលំ​រាជការ​យាន បានសម្រេច «ជូយានចាង​» បាន​បង្កើត​រាជវង្ស​ថ្មី ដែលមាន​ឈ្មោះថា «រាជវង្ស​ម៉េង​» ដើម្បី​ជាការ​រំលឹក​នៃ​ជ័យជំនះ «ជូយានចាង​» បាន​រំលឹក​ដល់​ថ្ងៃ​សែន​នំ​ព្រះ​ខែ​។ ជា​រៀងរាល់ឆ្នាំ ឲ្យ​តែ​ដល់​ថ្ងៃ​សែន​នំ​ព្រះ​ខែ «ជូយានចាង​» តែងតែ​ធ្វើ​នំ​សែន​ព្រះ​ខែ​នេះ ចែកជូន​ដល់​មន្ត្រីឲ្យ​បាន​ទទួលទាន​នំ​សែន​ព្រះ​ខែ​ទាំងអស់គ្នា ដើម្បី​បាន​សេចក្តីសុខ​សេចក្តីចម្រើន ហើយក៏​បង្កើតបានជា​ទម្លាប់​នៃ​ប្រពៃណី​ជនជាតិ​ចិន ដែល​ទម្លាប់​សែន​នំ​ព្រះ​ខែ ហើយ​គេ​តែងតែ​យកនំ​នេះ ចែកជូន​បងប្អូន ឬ​មិត្ត​ភ័​ក្រ្ត ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​វា​ក៏​ក្លាយជា​ទម្លាប់​មួយ​ដ៏​ល្អ​ រហូតមកដល់​សព្វថ្ងៃ​នេះ​។

សូមជូនដល់ក្រុមគ្រួសារ ខ្មែរ និងអ្នកដែលជាប់ខ្សែរចិន អោយទទួលទានមានបាន សុខសាន្ត រស់នៅដោយមានសុភមង្គលជានិរន្ត នៅយប់ព្រះខែពេលបូណ៌មី ៕  ប្រភព FN

LEAVE A REPLY

Please enter your comment!
Please enter your name here